សំនួរ និង ចំលើយ
ច្បាប់ចរាចរណ៍ផ្លូវគោក
ដើម្បីត្រៀមប្រឡងយកបណ្ណបើកបរ វគ្គទី១
១.
តើអ្នកបើកបរអាចជែងគ្នានៅលើស្ពានបានដែរឬទេ?
ចំ.ហាមជែង។
២.
នៅលើផ្លូវដែលមានភក់ ឬទឹកដក់ តើអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នដូចម្តេច
បើមានអ្នកថ្មើរជើងនៅជិតនោះ?
ចំ. ត្រូវបន្ថយល្បឿនតិចៗដោយប្រុងប្រយ័ត្នកុំឲ្យខ្ទាតភក់លើអ្នកថ្មើរជើង។
៣.
និយមន័យ “ផ្លូវថ្នល់”?
ចំ. តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស
ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ផ្លូវថ្នល់។
៤.
និយមន័យ “ចិញ្ចើមផ្លូវ”?
ចំ. ផ្នែកសងខាងនៃទ្រូងផ្លូវទុកសម្រាប់ថ្មើរដាំដើមឈើ
និងបង្កប់បរិក្ខារបម្រើផលប្រយោជន៍សេវាសាធារណៈ។
៥.
និយមន័យ “ជាយផ្លូវ”?
ចំ. ផ្នែកសងខាងនៃទ្រូងផ្លូវនៅក្រៅទីប្រជុំជន
ដែលយានជំនិះអាចចតនៅទីនោះបានក្នុងករណីចាំបាច់។
៦.
និយមន័យ “គន្លងផ្លូវ”?
ចំ. ចំណែកមួយនៃទ្រូងផ្លូវខណ្ឌដោយគំនូស
ឬបរិក្ខារបែងចែកផ្លូវតាមបណ្តោយទ្រូងផ្លូវមានទទឹងគ្រប់គ្រាន់អាចយានជំនិះធ្វើចរាចរណ៍បានមួយជួរ។
៧.
អ្នកបើកបរជិតដល់ផ្លូវធំរួមតូច ឬចង្អៀត តើអ្នកត្រូវធ្វើដូចម្តេច?
ចំ. ត្រូវបន្ថយល្បឿន
ឬឈប់ដើម្បីទុកឲ្យយានជំនិះដែលមានដល់ផ្លូវតូចចង្អៀតទៅមុន។
៨.
អ្នកបើកបរលើផ្លូវមានថ្មខ្ទាត តើត្រូវមានការប្រុងប្រយ័ត្នដូចម្តេច?
ចំ. ត្រូវបើកយឺតៗកុំឲ្យថ្មខ្ទាតទៅលើយានជំនិះដទៃ។
៩.
តើអ្នកបើកបរ អាចឈប់នៅលើផ្លូវរថភ្លើងបានដែរឬទេ?
ចំ. មិនអាចឈប់បានជាដាច់ខាត
១០.
និយមន័យ “អ្នកបើកបរ”?
ចំ. អ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ
និងអ្នកបរសត្វនៅលើផ្លូវ។
១១.
និយមន័យ “ឈប់”?
ចំ.ការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលខ្លីដែលមានអ្នកបើកបរ
ស្ថិតនៅជាប់នឹងចង្កូត ឬក្បែរយានជំនិះ។
១២.
និយមន័យ “ចត”?
ចំ. ការទុកឲ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ
ឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន។
១៣.
និយមន័យ “រថយន្តគ្រូសារ”?
ចំ. រថយន្តដែលមានផ្ទុកមនុស្សមិនលើសពី
៩នាក់ទាំងអ្នកបើកបរ។
១៤.
និយមន័យ “រថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំ”?
ចំ. រថយន្តដែលមានចំនុះផ្ទុកលើសពី
២០នាក់ដោយគិតទាំងអ្នកបើកបរ។
១៥.
និយមន័យ “រថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូច”?
ចំ. រថយន្តដែលមានចំណុះផ្ទុកចាប់ពី ១០នាក់ដល់
២០នាក់ដោយគិតទាំងអ្នកបើកបរ។
១៦.
និយមន័យ “រថយន្តធុនស្រាល”?
ចំ. រថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន។
១៧.
និយមន័យ “រថយន្តធុនធ្ងន់”?
ចំ. រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី
៣,៥តោនឡើងទៅ។
១៨. ពេលឮស៊ីរ៉ែនរថយន្តដែលមានសិទ្ធិអាទិភាព
តើអ្នកត្រូវធ្វើដូចម្តេច?
ចំ. ខ្ញុំត្រូវឲ្យសញ្ញាអែបស្តាំរួចបន្ថយល្បឿន ឬឈប់អែបខាងស្តាំដៃ
ទុកសិទ្ធិឲ្យយានស៊ីរ៉ែនទៅមុន។
១៩. មុននឹងបត់ស្តាំ ឬបត់ឆ្វេង
តើអ្នកត្រូវឲ្យភ្លើងសញ្ញាប៉ុន្មានម៉ែត្រពីផ្លូវប្រសព្វ ឬកន្លែងដែលត្រូវបត់?
ចំ. ត្រូវឲ្យភ្លើងសញ្ញាបត់ចម្ងាយ យ៉ាងតិច ២០ម៉ែត្រ។
២០. នៅលើផ្លូវដែលមានចរាចរណ៍ទៅមកច្រើនហើយត្រូវបត់ត្រឡប់ក្រោយវិញ
តើអ្នកត្រូវធ្វើដូចម្តេច?
ចំ. ត្រូវមានការប្រុងប្រយ័ត្នដោយធ្វើការបត់ត្រឡប់ក្រោយ
តាមបច្ចេកទេសបើកបរ។
២១. និយមន័យ “យានយន្តុបករណ៍”?
ចំ. យានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្រ បំពាក់បន្ថែម
គ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន។
២២. អ្នកកំពង់បើកបរដោយប្រើភ្លើងហ្វានៅលើផ្លូវដែលគ្មានភ្លើងអគ្គីសនី ពេលដែលអ្នកត្រូវប្តូរភ្លើងទៅកូតវិញ
តើត្រូវមានការប្រុងប្រយ័ត្នយ៉ាងណា?
ចំ. ត្រូវបន្ថយល្បឿនព្រោះមើលមិនបានឆ្ងាយ។
២៣. និយមន័យ “រ៉ឺម៉ក”?
ចំ. យានសម្រាប់ថ្ពក់ជាមួយរថយន្ត។
២៤. និយមន័យ “សឺមីរ៉ឺម៉ក”?
ចំ. យានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្តោង។
២៥.
គំនូសសញ្ញាទោលជាប់សម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា
តើអ្នកអាចបើកបរឆ្លងកាត់ ឬជាន់ពីលើបានឬទេ?
ចំ. ហាមបើកបរជាន់ ឬឆ្លងកាត់។
២៦. សញ្ញាចរាចរណ៍ផ្លូវគោក រួមមានអ្វីខ្លះ?
ចំ. ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍
សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត។
២៧. លំដាប់សិទ្ធិអាទិភាព ត្រូវបានកំណត់ដូចម្តេចទើបត្រឹមត្រូវ?
ចំ. សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍
គំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងបទប្បញ្ញតិចរាចរណ៍។
No comments:
Post a Comment