Sunday, October 21, 2018

សំនួរ និង ចំលើយ ច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ វគ្គទី៤

សំនួរ និង ចំលើយ
ច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ វគ្គទី៤

៨០. នៅលើទ្រូងផ្លូវឯកទិស តើអ្នកបើកបរអាចធ្វើការបត់ត្រឡប់ក្រោយយានជំនិះរបស់ខ្លួន បានឬទេ?
ចំ. ហាមបត់ត្រឡប់ក្រោយ។
៨១. តើអ្នបើកបរត្រូវចត ឬឈប់យានជំនិះចម្ងាយប៉ុន្មានម៉ែត្រពីផ្លូវបត់ ឬផ្លូវប្រសព្វ?
ចំ. យ៉ាងតិច ៥ម៉ែត្រ និងមហាវិថីយ៉ាងតិច ១០ម៉ែត្រ។
៨២. តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវជៀសគ្នាដោយប្រកាន់យកខាងណា?
ចំ. ប្រកាន់យកខាងស្តាំដៃរៀងៗខ្លួន។
៨៣. មុននឹងចូលក្នុងរថយន្ត ដើម្បីបើកបរថយក្រោយ តើអ្នកត្រូវធ្វើអ្វីខ្លះ?
ចំ. ត្រូវមើលផ្នែកខាងក្រោយរថយន្តឲ្យបានច្បាស់សិន បើគ្មានឧបសគ្គទើបចូលរថយន្តបើកយឺតៗថយក្រោយដោយប្រុងប្រយ័ត្ន។
៨៤. តើអ្នកអាចឈប់ ឬចតលើគំនូសសញ្ញាសំរាប់ថ្មើរជើងឆ្លងកាត់បានឬទេ?
ចំ. ហាមឈប់ ឬចតពីលើ។
៨៥. ក្រៅទីប្រជុំជន តើការកំណត់ល្បឿនអតិបរមាសំរាប់រថយន្តគ្រួសារប៉ុន្មានគីឡូម៉ែត្រក្នុងមួយម៉ោង?
ចំ. ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
៨៦. នៅក្នុងទីក្រុង ឬទីប្រជុំជន តើការឈប់ ឬចតរថយន្តនៅលើទ្រូងផ្លូវមានចំងាយប៉ុន្មានពីគែមចិញ្ចើមផ្លូវ?
ចំ. មិនលើសពី ២៥សង់ទីម៉ែត្រ។
៨៨. ពេលបើកបរដល់ផ្លូវប្រសព្វខ្លះដែលមានដាក់ផ្លាកសញ្ញា “ឈប់” តើអ្នកបើកបរត្រូវធ្វើដូចម្តេច?
ចំ. ចាំបាច់ត្រូវតែឈប់ទោះបីផ្លូវខាងមុខមាន ឬគ្មានយានជំនិះធ្វើចរាចរណ៍ក៏ដោយ។
៨៩. ផ្លាកសញ្ញាគ្រោះថ្នាក់មានទ្រង់ទ្រាយដូចម្តេច?
ចំ. រាងជាការ៉េ ដែលមានអង្កត់ទ្រូងមួយជាខ្សែឈរ មានជាយពីរជាន់ ជាយពណ៌ខ្មៅហើយក្រាស់ និងជាយក្រៅពណ៌សស្តើងមានផ្ទៃក្នុងពណ៌លឿង រូប ឬសញ្ញាពណ៌ខ្មៅ។
៩០. តើអ្នកបើកបរអាចជែងគ្នានៅលើស្ពានបានដែរឬទេ?
ចំ. មិនអាចជែងបានជាដាច់ខាត។
៩១. នៅពេលយប់ក្រៅទីប្រជុំជន គ្មានចង្កៀងអគ្គីសនីបំភ្លឺយានជំនិះជួបគ្នា តើអ្នកបើកបរយត្រូវប្រើភ្លើងអ្វី?
ចំ. ត្រូវបិទភ្លើងហ្វា ហើយបើកភ្លើងកូតវិញ។
៩២. តើកុមារដែលមានអាយុក្រោម ១០ឆ្នាំអាចឲ្យអង្គុយនៅកៅអីមុខនៃរថយន្តបានដែរឬទេ?
ចំ. មិនអាចអង្គុយបានទេ។
៩៣. បើអ្នកបើកបរក្រៅក្រុងក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង តើរថយន្តអ្នកពេលជាន់ហ្រ្វាំងអាចឈប់ចំងាយប៉ុន្មានម៉ែត្រនៅលើផ្លូវស្ងួត និងប៉ុន្មានម៉ែត្រនៅលើផ្លូវសើម ឬរអិល?
ចំ. ៨១ម៉ែត្រ នៅលើផ្លូវស្ងួត, និង១២០ម៉ែត្រ នៅលើផ្លូវសើម។
៩៤. តើព្រះរាជាណាចក្រកម្ពុជា ច្បាប់អនុញ្ញាតឲ្យប្រជាពលរដ្ឋអាយុប៉ុន្មាន មានសិទ្ធិប្រឡងបើកបររថយន្តប្រភេទធុនតូចបាន?
ចំ. មានអាយុ ១៨ឆ្នាំឡើងទៅ។
៩៥. នៅលើទ្រូងផ្លូវមានទិសចរាចរណ៍ពីរដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ តើអ្នកបើកបរត្រូវប្រើប្រាស់ទ្រូងផ្លូវដូចម្តេច?
ចំ. ត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផ្នែកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ។
៩៦. តើអ្នកបើកបរ ត្រូវប្រើភ្លើងអ្វីខ្លះនៅពេលដែលមានភ្លៀងខ្លាំង នៅក្នុងទីប្រជុំជន?
ចំ. ភ្លើងកូត។
៩៧. បើមានរថយន្តនៅពីក្រោយសុំជែង តើអ្នកត្រូវធ្វើដូចម្តេច?
ចំ. បើខាងមុខគ្មានឧបសគ្គ ខ្ញុំឲ្យសញ្ញាបត់ស្តាំ បន្ថយល្បឿន និងអែបមកស្តាំជាសញ្ញាអនុញ្ញាតឲ្យរថយន្តខាងក្រោយអាចជែងទៅបាន។
៩៨. នៅលើទ្រូងផ្លូវមានទិសចរាចរណ៍ពីរហើយមានគំនូសបែងចែកទ្រូងផ្លូវ តើអ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងណា?
ចំ. ត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ។
៩៩. រថយន្តប្រភេទណាខ្លះ មានសិទ្ធិអាទិភាពជាងគេនៅលើទ្រូងផ្លូវសាធារណៈ?
ចំ. រថយន្តពន្លត់អគ្គីភ័យ, សង្គ្រោះបន្ទាន់, នគរបាល, យោធា, អាវុធហត្ថ។
១០០. យានជំនិះពីរជួបគ្នាមួយក្នុងខ្សែរង្វង់មូល(មួយនៅក្រៅខ្សែរង្វង់មូល) គ្មានផ្លាកសញ្ញាបញ្ជាទិស តើមួយណាមានសិទ្ធិអាទិភាព?
ចំ. យានជំនិះមកពីខាងស្តាំដៃ។
១០១. ផ្លូវខ្វែងមានសិទ្ធិស្មើគ្នា តើត្រូវទុកសិទ្ធិអាទិភាពឲ្យយានជំនិះមកពីស្តាំដៃ ឬមកពីឆ្វេងដៃទៅមុន?
ចំ. ស្តាំដៃ។
១០៣. តើក្មេងចាប់ពីអាយុប៉ុន្មានឆ្នាំឡើងទៅទើបអនុញ្ញាតឲ្យអង្គុយ នៅកៅអីផ្នែកខាងមុខក្បែរអ្នកបើកបរ?
ចំ. ត្រូវមានអាយុចាប់ពី ១០ឡើងពេញបរិបូរណ៍ឡើងទៅ។
១០៤. ពេលជៀសគ្នានៅលើផ្លូវចោតហើយចង្អៀត តើយានជំនិះណាត្រូវទៅមុន?
ចំ. យានជំនិះឡើងចំណោទ។
១០៥. នៅលើស្ពានចង្អៀត ដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តប្រភេទណាត្រូវទៅមុន?
ចំ. យានយន្តធុនស្រាល។
១០៧. នៅពេលរថភ្លើងបន្លឺសញ្ញាជិតមកដល់ តើអ្នកបើកបរត្រូវឈប់ចម្ងាយយ៉ាងតិចប៉ុន្មានម៉ែត្រ ពីរបា ឬរបាំង?
ចំ. ចម្ងាយ ២ម៉ែត្រ។

Wednesday, October 17, 2018

សំនួរ និង ចំលើយ ច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ វគ្គទី៣


សំនួរ និង ចំលើយ
ច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ វគ្គទី៣
៥៣. តើការកំណត់ល្បឿនបើកបរអតិបរមានៅក្នុងទីប្រជុំជន សម្រាប់ទោចក្រយានយន្តប៉ុន្មានម៉ែត្រក្នុងមួយម៉ោង?
ចំ. ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៥៤. តើការកំណត់ល្បឿនបើកបរអតិបរមានៅក្នុងទីប្រជុំជន សម្រាប់រថយន្តប៉ុន្មានគីឡូម៉ែត្រក្នុងមួយម៉ោង?
ចំ. ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៥៥. ល្បឿនបើកបរអតិបរមានៅក្រៅទីប្រជុំជនសម្រាប់ទោចក្រយានយន្ត ទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប?
ចំ. ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៥៦. តើការកំណត់ល្បឿនបើកបរអតិបរមានៅក្រៅទីប្រជុំជន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ប្រភេទយានយន្តអ្វីខ្លះ?
ចំ. សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ។
៥៧. តើអ្នកបើកបររថយន្តដឹកទំនិញអាចឈប់ ឬចតយានជំនិះរបស់ខ្លួន នៅជិតបង្គោលផ្លាកសញ្ញាចរាចរចណ៍បានឬទេ?
ចំ. ហាមឈប់ ឬចត។
៥៨. តើម្ចាស់យានជំនិះអាចបំពាក់ភ្លើងបំភ្លឺ ឬភ្លើងលំអរផ្សេងៗទៀតក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះបានឬទេ?
ចំ. ហាមបំពាក់បន្ថែម។
៥៩. ល្បឿនបើកបរអតិបរមានៅក្រៅទីប្រជុំជនសម្រាប់ត្រីចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក?
ចំ. ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៦០. តើអ្នកបើកបរអាចជែងគ្នានៅត្រង់ផ្លូវកាត់ផ្លូវរថភ្លើងដែលគ្មានរបាំងការពារ បានដែរឬទេ?
ចំ. ហាមជែង។
៦១. តើការកំណត់ល្បឿន ក្រៅទីប្រជុំជន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ប្រភេទយានមានទំហំស៊ីឡាំងប៉ុន្មានឡើង?
ចំ. ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប និងរថយន្តដឹកទំនិញធុនធ្ងន់។
៦៣. តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវជែងទៅខាងណា?
ចំ. ខាងឆ្វេង។
៦៤. នៅក្នុងករណីណាដែលអ្នបើកបរអាចជែងទៅខាងស្តាំបាន?
ចំ. យានដែលត្រូវជែងនោះ ឲ្យសញ្ញាប្តូរទិសខាងឆ្វេងហើយឈប់ ឬត្រៀមដើម្បីបត់ឆ្វេង។
៦៥. ចំណុចសំខាន់បំផុតសំរាប់សុវត្ថិភាពរបស់យានយន្តមានអ្វីខ្លះ?
ចំ. មានកង់ ហ្រ្វាំង ចង្កូត និងគ្រឿងបំភ្លឺ។
៦៦. នៅពេលអ្នកបើកបរជួបប្រទះផ្លាកសញ្ញាហាមឈប់ តើអ្នកអាចចតយានជំនិះរបស់ខ្លួនបានឬទេ?
ចំ. មិនអាចចតបានទេ។
៦៧. ផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា តើអ្នកបើកបរយានជំនិះត្រូវឈប់ ឬចតយ៉ាងដូចម្តេច?
ចំ. ត្រូវឈប់ ឬចតខាងស្តាំដៃតាមទិសចរាចរណ៍របស់ខ្លួន។
៦៨. ក្នុងករណីទ្រូងផ្លូវចង្អៀតមិនអាចជៀសគ្នាបានរវាងយានធុនស្រាល និងយានធុនធ្ងន់ តើយានណាមួយត្រូវថយក្រោយ?

ចំ. យានធុនស្រាលត្រូវថយក្រោយ។
៦៩. តើអ្នកអាចប្រើប្រាស់ស៊ីផ្លេខ្យល់នៅក្នុងទីក្រុង ឬទីប្រជុំជនបានឬទេ?
ចំ. ហាមប្រើប្រាស់
៧០. មុននឹងជែងយានជំនិះនៅខាងមុខ តើអ្នកបើកបរត្រូវធ្វើអ្វីខ្លះ?
ចំ. ត្រូវដឹងច្បាស់ថាការជែងនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយហើយប្រើភ្លើងសញ្ញាប្តូរទិសខាងឆ្វេងដើម្បីធ្វើការសុំជែង។
៧១. នៅពេលជែង តើអ្នកបើកបរត្រូវទុកចន្លោះពីយានមួយទៀតយ៉ាងតិចប៉ុន្មានម៉ែត្រ?
ចំ. ១ ម៉ែត្រ។
៧២. តើអ្នកបើកបរអាចជែងគ្នាជាបីជួរ(ជែងលើរថយន្តដែលកំពុងជែងគ្នា)បានដែរឬទេ?
ចំ. ហាមជែង។
៧៣. នៅលើផ្លូវក្រៅទីប្រជុំជន តើយានជំនិះរបស់អ្នកត្រូវចត ឬឈប់យ៉ាងដូចម្តេច?
ចំ. ត្រូវឈប់ ឬចតលើជាយផ្លូវខាងស្តាំតាមទិសចរាចរណ៍។
៧៤. តើអ្នកបើកបរអាចជែងនៅជិត ឬកន្លែងផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល បានដែរឬទេ?
ចំ. ហាមជែង។
៧៥. តាមបណ្តោយផ្លូវមានគំនូសសញ្ញាភ្លោះពណ៌លឿងមួយជាប់ និងមួយដាច់ៗសំរាប់បែងចែកជាពីរទិសចរាចរណ៍ផ្ទុយគ្នា តើអ្នកបើកបរនៅកៀកគំនូសណាមួយអាចឆ្លងកាត់ ឬជែងបាន?
ចំ. អ្នកបើកបរនៅជាប់គំនូសដាច់ៗអាចឆ្លងកាត់ ឬជែងបាន។
៧៦. តើផ្លាកសញ្ញាបំរាម មានរាងដូចម្តេច?
ចំ. មានរាងមូល ជាយព័ទ្ធជុំវិញពីរជាន់ ជាយក្នុងក្រាស់ពណ៌ក្រហម ជាយក្រៅស្តើងពណ៌ស សញ្ញាខាងក្នុងជាទូទៅពណ៌ខ្មៅ។
៧៧. មុនបត់ស្តាំ ឬបត់ឆ្វេង តើអ្នកត្រូវអោយសញ្ញាប៉ុន្មានម៉ែត្រពីផ្លូវប្រសព្វ ឬកន្លែងដែលត្រូវបត់?
ចំ. យ៉ាងតិច ២០ម៉ែត្រ។
៧៨. នៅពេលរថយន្ត ដែលមានទម្ងន់សរុបលើសពី ៥តោនឡើងទៅខូចម៉ាស៊ីនពុំអាចជុសជុលបាន តើអ្នកត្រូវប្រើឧបករណ៍អ្វីដើម្បីថ្ពក់សណ្តោង?
ចំ. ត្រូវប្រើដងដែក។
៧៩. នៅពេលអ្នកឡើងលើរថយន្ត មុននឹងចេញដំណើរ តើអ្នកត្រូវធ្វើដូចម្តេច?
ចំ. តម្រូវទីតាំងកៅអី និងកញ្ជក់មើលក្រោយ, ពាក់ខ្សែក្រវាត់, ពិនិត្យចង្កឹះលេខ, ដេម៉ារ័រ មើលយានមុខក្រោយ ឲ្យភ្លើងសញ្ញា, ដាក់លេខ, ដោះហ្រ្វាំងដៃ ចេញដំណើរយឺតៗ។